(កំពង់ចាម) : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី23 ខែមិថុនា ឆ្នាំ2026 នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) សម្រេចបានប្រមាណជាង90% ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ 2026 ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនផងនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាតឱ្យក្រុមការងារជាង ធ្វើការសាងសង់អគាររដ្ឋបាលថ្មីនេះ ឱ្យបានឆាប់រហ័សតាមការគ្រោងទុក។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ជាពិសេសត្រូវរៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុងឱ្យបានឆាប់រួចរាល់ ដេីម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្ឆ្នាំ 2026។
បើតាមលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសំណង់នេះកំពុងសាងសង់លទ្ធផលសម្រេចបានប្រមាណ 90% ហើយ ខណៈគម្រោងអាគារថ្មី នៃរដ្ឋបាលសាលាខេត្តមួយនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់ ដោយមានទីតាំងនៅក្នុងបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគាររដ្ឋបាលថ្មី នេះ រដ្ឋបាលសាលាខេត្តកំពង់ចាម ក៏មានអគារ, សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានបន្សល់ទុកតាំងពីជំនាន់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅជាអភិបាលខេត្ត ដោយសំណង់មួយចំនួន ត្រូវបានធ្វើការជួសជុល កែលម្អ ឲ្យមានសោភ័ណភាព និងគុណភាព ដើម្បីទុកសម្រាប់មន្ត្រីបម្រើការងាររហូតមកដល់បច្ចុប្បន្ននេះ៕

