(កោះថ្មX16) នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស ស.យ.ក ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្មX16 ក្នុងពិធីយុទ្ធដំណើរដោយថ្មើរជើង10Km មកកាន់តំបន់យោធាប្រវត្តិសាស្តតេជោកោះថ្ម X16 ដើម្បីអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
គួររំលឹកថា ការប្រារព្ធទិវានេះឡើង គឺក្នុងស្មារតី បញ្ជាក់ពីការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមរំលឹកនឹកគុណចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងងឃ្លាតឡើយ៕

