អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការដាំជួស និងតុបតែងដើមក្ងោក នៅតាមបណ្តោយផ្លូវ «អន្ទង់អាំង» នៃតំបន់ភ្នំ១៥០០ ដើម្បីបង្កើនសម្រស់ធម្មជាតិបៃតង

ខេត្តពោធិ៍សាត់:  នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវសកម្មភាពដាំជួសកូនដើមក្ងោកបន្ថែម និងការកាត់តម្រឹមតុបតែងមែកដើមក្ងោកដែលកំពុងលូតលាស់ នៅតាមបណ្តោយដងផ្លូវ «អន្ទង់អាំង» នៃតំបន់ភ្នំ១៥០០។

សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងបន្ថែមភាពទាក់ទាញដល់ផ្លូវ «អន្ទង់អាំង» ដែលជាចំណុចទាក់ទាញទេសចរណ៍ដ៏សំខាន់ និងល្បីល្បាញមួយ ស្ថិតក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការកាត់តម្រឹម និងដាំបំពេញបន្ថែមនូវដើមក្ងោកទាំងនេះ មិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់រុក្ខជាតិតាមដងផ្លូវឱ្យមានរបៀបរៀបរយ និងសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរទស្សនូបការៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការរួមគ្នាយ៉ាងសកម្ម ដើម្បីថែរក្សា និងបង្កើតភាពស្រស់បំព្រងនៃធម្មជាតិបៃតង ត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតំបន់ភ្នំប្រវត្តិសាស្ត្រមួយនេះកាន់តែច្រើនឡើង។

ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត លើការងារតុបតែងលម្អធម្មជាតិនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តក្នុងការប្រែក្លាយតំបន់ភ្នំ១៥០០ ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិដ៏បៃតង ស្រស់ស្អាត និងមាននិរន្តរភាពបំផុតរបស់ខេត្តពោធិ៍សាត់៕

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *