(កោះថ្មX16): នាព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នេះជាសក្ខីភាពនៃការដឹកគុណ ចំពោះគុណឧបការៈដ៏ធំធេង ដែលវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានលះបង់ដើម្បីជាតិ មាតុភូមិកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីនេះប្រព្រឹត្តទៅក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
គួររំលឹកថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16 បានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតមកដល់បច្ចុប្បន្ន៕


