ឯកឧត្តម ឆែម សាវុធ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ

ភ្នំពេញ ៖ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានផ្តល់នូវអនុសាសន៍ចាំបាច់មួយចំនួនដល់ អគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការរៀបចំកសាងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ស្របតាមស្ថានភាពជាក់ស្តែងនៅតាមអង្គភាពរបស់ខ្លួន។

ការផ្ដល់អនុសាសន៍របស់ ឯកឧត្តម ឆែម សាវុធ នាឱកាសអញ្ជើញជាសហអធិបតី រួមជាមួយ ឯកឧត្តម កង សុខន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គស្នងការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងមានការអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធ Zoom Meeting ពីគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។

ឯកឧត្តម ឆែម សាវុធ បន្ដថា ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ ហ្មត់ចត់ អំពីទីតាំងភូមិសាស្ត្រ ទាំងខាងក្នុង និងខាងក្រៅ ហើយនិងផ្លូវ ពិសេសចម្ងាយផ្លូវដែលត្រូវដឹកបញ្ជូនជនជាប់ឃុំឡើងសវនាការ និងជនជាប់ឃុំដែលត្រូវបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។

ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា ក្រោយពេលធ្វើការសិក្សាច្បាស់លាស់ ហ្មត់ចត់ អំពីទីតាំងភូមិសាស្ត្ររួចហើយ ប្រធាន អង្គភាពនីមួយៗ ត្រូវកសាងផែនការអចិន្ត្រៃយ៍របស់អង្គភាព និងកសាងផែនទីលម្អិត ស្តី ពីការការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ សម្រាប់ត្រួតពិនិត្យ និងបញ្ជាពេលមានករណីចាំបាច់។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវតែមានការរៀបចំចាត់ចែងច្បាស់លាស់ (ហាត់សម ប្រកាសអាសន្ន) ក្នុងការទទួលខុសត្រូវតាមតួនាទីភារកិច្ច និងតាមគោលដៅនីមួយៗ ពិសេសត្រូវរៀបចំកម្លាំងទាំងអស់ឱ្យស្ថិតនៅក្នុងគោលការណ៍ នៃការប្រើប្រាស់កម្លាំងសរុបរបស់អង្គភាព ក្នុងការអនុវត្តផែនការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ពន្ធនាគារនៅក្នុងករណីចាំបាច់។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់១ ឈន សាណាត បានលើកឡើងថា ការកសាងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី-ខេត្ត គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានចង្អុលបង្ហាញ និងដាក់ចេញគោលការណ៍ណែនាំលើការកសាងផែនការនេះ។

ឯកឧត្តម អគ្គនាយក ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានផ្តល់គំនិតផ្តួចផ្តើមតម្រង់ទិស ធ្វើឱ្យផែនការនេះសម្រេចបានស្របតាមគោលបំណង សំណូមពរ និងទាន់ពេលវេលា ស្របទៅនឹងកាលៈទេសៈ និងស្ថានការណ៍ដែលមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត កំពុងមានតម្រូវការលើការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមអង្គភាព នីមួយៗ ឆ្លើយតបចំពោះហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *