រដ្ធបាលខេត្តព្រៃវែង រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា

ខេត្តព្រៃវែង: នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា។

​ព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាខេត្តយ៉ាងច្រើនកុះករ។

​នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទាំងអស់ សូមក្រាបថ្វាយនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ​”សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំសុខសាន្តមនោរម្យដល់ប្រជានុរាស្ត្រខ្មែរ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជានិច្ចនិរន្តរ៍តរៀងទៅ”។

​ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមយាងតាមថែរក្សា អភិបាល ប្រោះព្រំ និងប្រសិទ្ធពរថ្វាយព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *