ស្រុកស៊ីធរកណ្ដាល បើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ១ខ្សែ ប្រវែងជាង ១,០០០ម៉ែត្រ ក្នុងឃុំព្រៃទឹង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ ចំនួន ១ខ្សែ ដែលជាគម្រោងប្រើប្រាស់មូលនិធិឃុំ ឆ្នាំ២០២៦ ស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពី​លោក តុង ប្រុស អភិបាលរងស្រុក ទទួលបន្ទុកការងារគាំទ្រឃុំ ​លោក វ៉ាន់ សុធា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត ​មន្ត្រីបច្ចេកទេសខេត្ត និងមន្ត្រីគាំទ្រឃុំ ​លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋតំណាងអ្នកទទួលផលក្នុងឃុំ សរុបប្រមាណជាង ១០០នាក់។

​ផ្លូវបេតុងអាម៉េដែលបានបើកការដ្ឋានសាងសង់នាពេលនេះ មាន​ប្រវែង ១,១០០ ម៉ែត្រ ​ទទឹង៥ ម៉ែត្រ និង​កម្រាស់ ០.១៥ ម៉ែត្រ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​ការសម្រេចបាននូវសមិទ្ធផលផ្លូវបេតុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ផ្លាស់ប្តូរទំនិញ និងកសិផលនានារបស់ប្រជាពលរដ្ឋនៅក្នុងភូមិបឹងជ័រ ក៏ដូចជាឃុំព្រៃទឹងទាំងមូល ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្រុកស៊ីធរកណ្តាលឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *