ខេត្តព្រៃវែង: នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ មានការរៀបចំពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខសិរីសួស្តី និងប្រកាសបើកការដ្ឋានសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង មានកម្ពស់ ២ជាន់ និងមាន ២០បន្ទប់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ។ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ និង លោកជំទាវ ហ៊ឺ ផានិន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច ។
ឯកឧត្តមអនុររដ្ឋលេខាធិការ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវអនុប្រធានក្រុមការងារ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សានាពេលនេះ មានសារៈសំខាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូនៅក្នុងមូលដ្ឋានស្រុកព្រះស្តេច។ គម្រោងសាងសង់អគារសិក្សា ២ខ្នង ២ជាន់ ២០បន្ទប់នេះ នឹងជួយលើកកម្ពស់គុណភាពអប់រំ បង្កើនបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង របស់កុមារនៅក្នុងតំបន់។
ពិធីក្រុងពាលី និងចម្រើនព្រះបរិត្តតាមបែបសាសនានេះ ធ្វើឡើងដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ជោគជ័យ ក្នុងដំណើរការសាងសង់ទាំងមូល ឱ្យប្រព្រឹត្តទៅដោយរលូន ធានាបាននូវគុណភាព និងសុវត្ថិភាពខ្ពស់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

