ខេត្តព្រៃវែង៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ សំអូន អភិបាលរងស្រុកស៊ីធរកណ្ដាល តំណាងលោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីរួម តាមថ្នាលគាំពារសង្គមឌីជីថល Digital ជំនាន់ ២.០ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ជូនដល់រដ្ឋបាលឃុំទាំង១១ ក្នុងស្រុក។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីលោក អូម បណ្ឌិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ខេត្តព្រៃវែង លោក លោកស្រី តំណាងនាយកដ្ឋាន និងជាគ្រូបង្គោលសាខា ម.ជ.ជ លោកប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក លោក លោកស្រី មេឃុំ និងមន្ត្រីកម្មវិធីឃុំ មកពីឃុំទាំង១១ នៃស្រុកស៊ីធរកណ្ដាលទាំងមូល។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីអនុវត្តកម្មវិធីនៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប (ជំនាន់ ២.០) ដើម្បីធានាឱ្យការចុះបញ្ជី ការគ្រប់គ្រងទិន្នន័យ និងការផ្តល់សេវាជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ប្រកបដោយតម្លាភាព គណនេយ្យភាព ឆាប់រហ័ស និងចំគោលដៅពិតប្រាកដ ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះ លោក គង់ សំអូន អភិបាលរងស្រុក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រុមការងារគ្រូបង្គោល ម.ជ.ជ និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលជាមេឃុំ និងមន្ត្រីកម្មវិធីឃុំ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ការពន្យល់ណែនាំពីគ្រូឧទ្ទេស ដើម្បីក្រេបជញ្ជក់ចំណេះដឹងផ្នែកឌីជីថលថ្មីនេះ យកទៅអនុវត្តការងារបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕


