លោក ហ៊ន សុផាត អភិបាលស្រុកមេសាង ដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលចំហរនៅតាមរោងចក្រ សហគ្រាស និងទីតាំងស្នាក់នៅរបស់ជនបរទេស ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Scam Online)

ខេត្ត​ព្រៃវែង៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វើរដ្ឋបាលចំហរនៅតាមបណ្តាទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកមេសាង ខេត្តព្រៃវែង។

​សកម្មភាពចុះធ្វើរដ្ឋបាលចំហរនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជាពិសេសគឺការបង្ការ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ក្នុងមូលដ្ឋាន។

​ក្នុងឱកាសនោះ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកអភិបាលស្រុកបានដាក់ចេញនូវការណែនាំ និងជម្រុញដល់ម្ចាស់ទីតាំងទាំងអស់នូវចំណុចសំខាន់ៗ រួមមាន៖

​ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលា។

​ត្រូវពិនិត្យ និងផ្តល់រាល់ឯកសារពាក់ព័ន្ធច្បាប់ស្តីពីអន្តោប្រវេសន៍ របស់ជនបរទេសដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងរបស់ខ្លួន។

​គោលដៅរួម សំដៅធានាបាននូវសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានស្រុកមេសាងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរឡើង។

​ទន្ទឹមនឹងនេះដែរ លោក ហ៊ន សុផាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ទីតាំងទាំងអស់ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ចនាពេលកន្លងមក ក្នុងការអនុវត្តច្បាប់ ក៏ដូចជាបទបញ្ញត្តិពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានលទ្ធផលគួរជាទីមោទនៈ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *