សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឱ្យដឹងថា ជាការពិតណាស់ កុមារ គឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»។

សម្ដេចធិបតី បន្ដថា ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

សម្ដេចធិបតី គូសបញ្ជាក់ថា «ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ហេតុនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *