ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ភាពជោគជ័យនៃយុទ្ធនាការដាំដើមឈើនេះ មិនមែនស្ថិតនៅលើតែការដាំនោះទេ ប៉ុន្តែគឺស្ថិតនៅលើ “ការរួមគ្នាថែរក្សា” បន្ទាប់ពីដាំរួច»។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំយុទ្ធនាការ ដាំកូនឈើក្ងោក ចំនួន ៣០០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ (នៅចំណុចដើមផ្លូវចូល បូជនីយដ្ឋានទេពឧកញ៉ាឃ្លាំងមឿង រហូតដល់ផ្លូវបំបែកវត្តហ្លួង) ដែលស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភណភាព បង្កើតគម្របបៃតង និងលើកកម្ពស់បរិស្ថានរស់នៅឱ្យកាន់តែមានភាពស្រស់បំព្រង។
ពិធីនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
កូនឈើក្ងោកចំនួន ៣០០ដើម (កម្ពស់ចន្លោះពី២ម៉ែត្រដល់៤ម៉ែត្រ) ដែលបានយកមកដាំដុះនាពេលនេះ គឺជាការផ្តល់ជូនពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មកកាន់រដ្ឋបាលខេត្ត។ យុទ្ធនាការដាំកូនឈើនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យបរិស្ថានបៃតង បង្កើតគម្របបៃតងការពារធម្មជាតិ និងដើម្បីកែលម្អសោភណភាពដងផ្លូវជាតិលេខ៥៥ ឱ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងស្របពេលដែលរដូវវស្សាទើបតែចាប់ផ្តើម ដែលជាពេលវេលាដ៏ស័ក្តិសម និងអំណោយផលបំផុតសម្រាប់កូនឈើក្នុងការលូតលាស់។ សកម្មភាពនេះមិនត្រឹមតែជួយលម្អសោភណភាពតាមដងផ្លូវសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថានសង្គម និងការបង្កើតគម្របបៃតងឡើងវិញផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមចំណែកជួយមើលថែទាំ ការពារ និងស្រោចទឹកកូនឈើដែលបានដាំនៅតាមមុខផ្ទះ ឬតាមដងផ្លូវរៀងៗខ្លួន។ ឯកឧត្តមបានបន្ថែមថា ប្រសិនបើមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់ទិសទី ខេត្តពោធិ៍សាត់នឹងប្រែប្តូរមុខមាត់ថ្មី ក្លាយជាខេត្តដែលពោរពេញដោយភាពបៃតង ស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ និងជាទីមនោរម្យសម្រាប់មនុស្សគ្រប់ជំនាន់តទៅមុខទៀត៕

