(កំពង់ចាម): នារសៀលថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយកម្រិត២ ជូនថ្នាក់ដឹកនាំ មន្រ្តីគណបក្សថ្នាក់មូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម។ ពិធីបិទវគ្គនេះ មានការចូលរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត និងមន្ត្រីបក្សពាក់ព័ន្ធ។
មានសំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានថ្លែងថា ចំណេះដឹងពីវគ្គអប់រំនយោបាយកម្រិត២ ជូនថ្នាក់ដឹកនាំ មន្រ្តីគណបក្សថ្នាក់មូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត នាពេលនេះ គឺជាវគ្គសំខាន់បំផុត និងជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ ឈរលើមូលដ្ឋាននេះដែរ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការបក្សខេត្តទាំងអស់ ត្រូវយកចំណេះដឹងពីវគ្គនេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមកសាងខ្លួនឲ្យល្អ បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណបក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

