(កំពង់ចាម) តបតាមសំណើរសុំកិច្ចអន្តរាគមន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឲ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះសិក្សាលទ្ធភាព ច្រាំងទន្លេបាក់ស្រុត ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ។
គួររំលឹកថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្រាំងទន្លេនេះ បានកសាងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម។ ទំហំនៃការខូចខាត រួមមាន៖ ១) ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២)ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ។
ភ្លាមៗនោះ អជ្ញាធរខេត្ត បានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គជាបន្តបន្ទាប់ទៀត ដោយប្រើប្រាស់បាវខ្សាច់(GeoTextile)៕


