មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តតាកែវពង្រឹងការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

តាកែវ ៖ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងបន្តពង្រឹងការងារអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀតជូនប្រជាពលរដ្ឋ។

ការណែនាំរបស់ ឯកឧត្តម ម៉ក់ ជីតូ បានធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត កងម្លាំងទាំង៣ ប្រធានមន្ទីរ-សាខាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុកទាំង១០ មេឃុំចៅ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព គឺជាចលនាជាតិមួយ បំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចការពារភូមិដ្ឋានរបស់ខ្លួន ចូលតាមរយៈរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។

ទន្ទឹមនឹងនេះអាជ្ញាធរទាំងអស់ ត្រូវបង្កើនការបង្ក្រាបបទល្មើសផ្សេងៗឱ្យបានសកម្មរួមមាន៖ចោលួច ចោឆក់ ក្មេងទំនើង គ្រឿងញៀន ពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam កុំឱ្យមានក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបអោយបានទាន់ពេលវេលា ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធិភាព គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពបានកាន់តែល្អប្រសើរ ធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ក់ ជីតូ ក៏បានថ្លែងការកោតសសើរដល់អាជ្ញាធរខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមកនេះបានខិតខំប្រឹងប្រែង អនុវត្តគោលនយោបាលភូមិឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *