ខេត្តបាត់ដំបង: ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំង ត្រូវបន្តតាមដានឱ្យបានដិតដល់ កុំឱ្យមានករណី Scam Online កើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។
ការក្រើនរំលឹករបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកស្រី អនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ ជាពិសេសផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីសំដៅដល់ការទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពបំផុត។
ក្នុងនោះដោយសាររដូវវស្សាខិតជិតចូលមកដល់ ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំងត្រូវពង្រឹងបង្រ្កាបទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ និងបទល្មើសធនធានធម្មជាតិផ្សេងៗ ដើម្បីរួមគ្នាថែរក្សាការពារធនធានធម្មជាតិ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់សមត្ថកិច្ច និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឱ្យបន្តទប់ស្កាត់ និងបង្ក្រាបការចរាចរណ៍រថយន្តកែច្នៃខុសបច្ចេកទេស រថយន្តដឹកលើសចំណុះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍និងភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ៕

