ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មី ជិត ១ពាន់នាក់ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ថ្មី ចំនួន ៧៨១រូប មកពីភូមិទាំង១០ ក្នុងសង្កាត់សំបួមាស ក្រុងកំពង់ចាម ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម ក្រោមវត្ត អញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន ប្រចាំការគណបក្សខេត្ត។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានស្នើដល់ប្រធានគណបក្សនៅ មូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូល ក្នុងក្រុងកំពង់ចាម ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹម ចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស រាល់ពេលពួកគាត់មាន តម្រូវការ និងសំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួល សេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។

ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុង ការការពារ បូរណភាពទឹកដី អធិបតីភាពជាតិ និងការអភិវឌ្ឍ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *