ខេត្តព្រៃវែង: នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈភិបាលខេត្តព្រៃវែង បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រៃវែង។
កិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក-លោកស្រីប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងសហការីនៃស្ថានទូតចិនផងដែរ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម សួន សុម៉ាលីន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉ាង វិនពីន និងប្រតិភូអមដំណើរ ដែលបានចំណាយពេលដ៏មានតម្លៃមកបំពេញទស្សនកិច្ច និងពិភាក្សាការងារនៅក្នុងទឹកដីខេត្តព្រៃវែង។ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងអំពីសក្តានុពលជារួមរបស់ខេត្ត ទាំងលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពីន បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលពីសំណាក់រដ្ឋបាលខេត្តព្រៃវែង។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) ជាពិសេសទំនាក់ទំនង “មិត្តភាពដែកថែប” ដែលបានរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានានៅក្នុងខេត្តព្រៃវែងផងដែរ។
ក្នុងជំនួបពិភាក្សានោះដែរ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា ជំនួបសម្តែងការគួរសមនេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយភាគីទាំងពីរបានប្តេជ្ញាបន្តរក្សានូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

