(ខេត្តត្បូងឃ្មុំ)៖ ក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ កម្លាំងសមត្ថកិច្ចចម្រុះបានបើកយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហរ “ដូចភ្លៀងរលឹម” នៅតាមបណ្តាគោលដៅសង្ស័យមួយចំនួនក្នុងភូមិសាស្ត្រខេត្ត ដើម្បីស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។
ប្រតិបត្តិការដ៏ស្រួចស្រាវនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានដៅមុខសញ្ញា ចុះត្រួតពិនិត្យតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ដែលសង្ស័យថាអាចមានការលួចលាក់ស្នាក់នៅមិនរាយការណ៍ ឬប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ផ្ទះសំណាក់ចំនួន ០៣ទីតាំង ស្មើនឹង ៥៧បន្ទប់។ ជាលទ្ធផលបឋម សមត្ថកិច្ចពុំបានរកឃើញមានវត្តមានជនបរទេសស្នាក់នៅដោយខុសច្បាប់ ឬសម្ភារៈពាក់ព័ន្ធ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងទីតាំងទាំងនោះឡើយ។
ទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធនាការនេះនឹងមិនបញ្ឈប់ត្រឹមនេះទេ ដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត នឹងបន្តធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យតាមបណ្តាទីតាំងសង្ស័យផ្សេងៗទៀត ឱ្យបានទូទាំងក្រុង-ស្រុកទាំង០៧ ក្នុងភូមិសាស្ត្រខេត្តទាំងមូល។
ទន្ទឹមនឹងការចុះអនុវត្តផ្ទាល់ អាជ្ញាធរក៏បានបន្តធ្វើការផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹង និងចូលរួមសហការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ដែលកំពុងជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
កម្លាំងចម្រុះ បានចុះត្រួតពិនិត្យរដ្ឋបាលចំហរ ដូចភ្លៀងរលឹម នេះ គឺជាសកម្មភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ៕

