ខេត្តព្រៃវែង: នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅក្នុងវត្តសិរីឧត្តម (ហៅវត្តត្របែក) ដែលស្ថិតនៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
អមដំណើរក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងព្រះសង្ឃ ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរជាច្រើនរូបទៀត។
ពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ដោយមានការចូលរួមពីមន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ រួមមាន ឯកឧត្តមក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំង១៣។ ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិ ប្រជាការពារ និងមន្ត្រីរាជការសាលាស្រុកស្វាយអន្ទរ។ លោកគ្រូ អ្នកគ្រូ នាយកសាលា សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ។ សមាជិក ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយប្ញទ្ធិ លោកតាជី យាយជី និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំពានរោង សរុបប្រមាណ ២.៥៤២អង្គ/រូប។
ការសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅក្នុងវត្តសិរីឧត្តមនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការរីកចម្រើននៃវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលដើរទន្ទឹមគ្នា។ សមិទ្ធផលទាំងនេះកើតឡើងពីសទ្ធាជ្រះថ្លារបស់សប្បុរសជន និងការរួបរួមគ្នារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារចុះមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ពិធីនេះមិនត្រឹមតែជាការអបអរសាទរចំពោះសមិទ្ធផលរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពង្រឹងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ៕

