(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក អិម ផេង មេបញ្ជាការរងកងអនុសេនាតូចដឹកជញ្ជូន នៃវរសេនាតូចលេខ២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ។ ពិធីនេះបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិទំព្រង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកព្រិន្ទបាលឯក អិម ផេង បានពលីជីវិតក្នុងវ័យ ៣២ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងអំឡុងពេលបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅទិសព្រំដែនកម្ពុជា-ឡាវ។
ក្នុងបរិយាកាសដ៏សែនសង្វេគនេះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានសម្តែងនូវសេចក្តីតក់ស្លុត និងការសោកស្តាយជាអនេកចំពោះមរណភាពរបស់ លោកព្រិន្ទបាលឯក អិម ផេង។
ឯកឧត្តមបានគូសបញ្ជាក់ថា មរណភាពរបស់លោកព្រិន្ទបាលឯក គឺជាការបាត់បង់នូវស្វាមី និងឪពុកដ៏ល្អ ជាទីគោរពស្រឡាញ់របស់ភរិយា និងកូនៗ ហើយក៏ជាការបាត់បង់នូវវីរកងទ័ពដ៏ឆ្នើមមួយរូប ដែលមានស្មារតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងសុខសន្តិភាពនៃជាតិមាតុភូមិ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោកស្រី មឿន គឹម ស្រ៊ិម ជាភរិយា ព្រមទាំងក្រុមគ្រួសារនៃសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក អិម ផេង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

