អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យនូវទីតាំងដែលត្រូវសាងសង់ផ្សារបឹងយា

ខេត្តពោធិ៍សាត់:  ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យនូវទីតាំងដែលត្រូវសាងសង់ផ្សារបឹងយា និងបន្តចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍ លំនៅដ្ឋានថ្មីរបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីទីតាំងមិនរៀបរយច្រាំងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ហើយចូលមករស់នៅទីតាំងថ្មីស្របច្បាប់ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលត្រូវប្តូរទីលំនៅ អាជ្ញាធរខេត្តមិនត្រឹមតែផ្តល់ដីដែលមានហេដ្ឋារចនាសម្ព័ន្ធ (ទឹក-ភ្លើង) និងប្លង់កម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង សាងសង់ផ្សារ ដើម្បីគាំទ្រដល់ការប្រកបរបរទទួលទានប្រចាំថ្ងៃរបស់ពួកគាត់នៅទីតាំងថ្មីទៀតផង។

ឯកឧត្តម ខូយ រីដា បានលើកឡើងពីផលប៉ះពាល់ នៃការរស់នៅមិនរៀបរយ គឺមានហានិភ័យខ្ពស់ ប្រឈមនឹងការបាក់ស្រុតច្រាំងស្ទឹង និងគ្រោះថ្នាក់ដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ, បង្កការបង្ហូរទឹកកខ្វក់ និងសំណល់ផ្សេងៗចូលក្នុងស្ទឹង ធ្វើឱ្យខូចគុណភាពទឹក និងបាត់បង់សោភ័ណភាពក្រុង។ នៅពេលយើងរៀបចំប្រែក្លាយច្រាំងស្ទឹង ឱ្យទៅជាសួនច្បារ មានតំបន់ហាត់ប្រាណ និងកន្លែងកម្សាន្ត នោះនឹងធ្វើឱ្យទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តពោធិ៍សាត់កាន់តែច្រើន។

ឯកឧត្តម សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្ម និងយោគយល់ចំពោះកិច្ចដំណើរការអភិវឌ្ឍនានា ដើម្បីប្រយោជន៍រួមនៃខេត្តយើងទាំងអស់គ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *