(កំពង់ចាម) : នៅក្នុងដំណើរអញ្ជើញបំពេញបេសកកម្មការងារអស់រយៈពេលមួយព្រឹកធំ នៅស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឆ្លៀតដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសួរសុខទុក្ខ គ្រួសារវីវយុទ្ធជនពលី លោកព្រិន្ទបាលឯក ភាព សោភ័ណ ដែលទើបទទួលបានដីធ្លី និងគេហដ្ឋានថ្មី ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅក្បែរផ្សារបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។
ស្ថិតក្នុងឱកាសនោះ ក្រុមគ្រួសាររបស់ វីរយុទ្ធជន ភាព សោភ័ណ្ឌ បានបង្ហាញអារម្មណ៍រំភើប និងក្តីរីករាយឥតឧបមា ចំពោះវត្តមានដ៏កក់ក្តៅបំផុតរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ ដែលជានិច្ចកាល ឯកឧត្តម រួមនឹងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូ យកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់គាត់ ក៏ដូចជាគ្រួសារវីរយុទ្ធជនផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងការសាទរ ចំពោះក្រុមគ្រួសាររបស់អ្នកស្រី ជឹង គឹមហ៊ាង និងកូនៗ ដែលទទួលបានដីធ្លី និងគេហដ្ឋានថ្មី រួមនឹងការផ្តល់ជូនការងារក្នុងក្របខណ្ឌកងទ័ព និងមន្ត្រី ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពប្រសើរឡើង៕

