អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ និងចែកមួកសុវត្ថិភាព ១ ០០០មួក ជូនដល់ប្រជាពលរដ្ឋ

ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចែកជូននូវខិតបណ្ណ សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ខិតបណ្ណជំនួយស្មារតី ព្រមទាំងបានចែកមួកការពារសុវត្ថិភាពចំនួន ១ ០០០មួក ដែលបានពីការឧបត្ថម្ភរបស់ក្រុមហ៊ុន Ganzberg ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរម៉ូតូដែលមិនបានពាក់មួក ក្នុងក្រុងសៀមរាប ដែលជាផ្នែកមួយនៃយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការជំរុញការចូលរួមគោរពច្បាប់ចរាចរណ៍។

លោក លី សារី អភិបាលរងខេត្តសៀមរាប ការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនសំដៅ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោក លី សារី ក៏បានណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរនៅលើដងផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរគោរពស្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។

លោកអភិបាលរងខេត្ត បានបន្តថា សម្រាប់យុទ្ធនាការចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ គឺជាសកម្មភាពសង្គមដ៏សំខាន់មួយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍នៅកម្ពុជា។ ហើយសកម្មភាពទាំងនេះមានគោលដៅសំខាន់ក្នុងការការពារអាយុជីវិត និងកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរនៅពេលមានគ្រោះថ្នាក់ចរាចរណ៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *