(កំពង់ចាម) :ដើម្បីបង្កើនការអភិវឌ្ឍតំបន់អេកូទេសចរណ៍ឲ្យកាន់តែទាក់ទាញ សម្រាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមក លេងកម្សាន្ត ក្នុងខេត្តកំពង់ចាម ឲ្យបានច្រើន ដើម្បីបង្កើនចំណូលសម្រាប់សេដ្ឋកិច្ចខេត្ត និងបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យទីតាំងសំណើសុំវិនិយោគតំបន់ទំនប់រូងជ្រៃ ឱ្យក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិមួយគួរជាទីទាក់ទាញ សម្រាប់ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។
គួរបញ្ជាក់ថា តំបន់ទំនប់រូងជ្រៃ ជាតំបន់ខ្ពង់រាបមួយ មានកូនភ្នំជាច្រើន រួមនឹងជ្រលងដងអូរ ដែលទេសភាពពណ៌បៃតងស្រស់បំព្រងគ្រប់រដូវកាល ជាពិសេសដីល្បាយក្រហមមានជីជាតិ អំណោយផលដល់ដំណាំកសិកម្ម កសិឧស្សាហកម្ម ជាពិសេសដំណាំទុរេន ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដាច់គេ ដែលគេល្បីឈ្មោះថា “ទុរេនបែកអន្លូង” ខេត្តកំពង់ចាម។

