(កំពង់ចាម)៖ លោក ផេន សុផល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ជំរុញឱ្យមន្ត្រី មូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ លើកកម្ពស់តម្លាភាព សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគណនេយ្យភាពសង្គម ត្រីមាសទី១ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលរងក្រុង-ស្រុកទទួលបន្ទុកការងារគណនេយ្យភាពសង្គម ព្រមទាំងមន្ត្រីបង្គោលទទួលបន្ទុកអនុវត្តការងារគណនេយ្យភាពសង្គមមកពីបណ្តាក្រុង-ស្រុកទូទាំងខេត្ត។
ក្នុងអង្គពិធីនេះ លោកអភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលសម្រេចបានក្នុងត្រីមាសទី១។ លោកបានបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ គឺជាសក្ខីភាពដែលធានាថាសេវាសាធារណៈពិតជាមានគុណភាព និងសុពលភាព។ ជាមួយគ្នានោះ លោកបានផ្ដល់អនុសាសន៍ឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងថវិកាជាតិឱ្យបានហ្មត់ចត់ និងចំគោលដៅ ព្រោះរាល់ការចំណាយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងសវនកម្មយ៉ាងតឹងរ៉ឹងបំផុត។
បន្ថែមលើនេះ លោកអភិបាលរងខេត្ត ក៏បានតម្រង់ទិសការងារសំខាន់ៗសម្រាប់ដំណាក់កាលបន្ទាប់ ដោយជំរុញឱ្យមានការរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងស៊ីចង្វាក់គ្នាទាំងកម្រិតឆ្នាំ ខែ និងសប្តាហ៍ ដើម្បីធានានូវការធ្វើរបាយការណ៍ឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ លោកបានសង្កត់ធ្ងន់លើការបែងចែកតួនាទីឱ្យបានដាច់ស្រឡះរវាងការងាររដ្ឋបាល និងការងារគណនេយ្យភាពសង្គម ជាពិសេសផ្តោតសំខាន់លើវិស័យអប់រំ និងមណ្ឌលសុខភាព ដែលជាសេវាអាទិភាពចាំបាច់សម្រាប់ពលរដ្ឋ។
លោកអភិបាលរងខេត្ត បានលើកទឹកចិត្តឱ្យមន្ត្រីបង្គោលទាំងអស់ បន្តបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយព័ត៌មាន និងត្រូវចុះទៅមូលដ្ឋានផ្ទាល់ដើម្បីតាមដាន និងជួយដោះស្រាយបញ្ហាប្រឈមជូនថ្នាក់ក្រោមឱ្យបានទាន់សភាពការណ៍។ ទន្ទឹមនឹងនោះ ត្រូវនាំយកបទពិសោធន៍ល្អៗដែលទទួលបានពីការចុះទស្សនកិច្ចសិក្សានានា មកកែច្នៃអនុវត្តឱ្យស្របតាមបរិបទនៃមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមកាន់តែមានភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពខ្ពស់៕

