កិច្ចប្រជុំពិភាក្សា និងរៀបចំរបាយការណ៍ស្ដីពីការបញ្ជាក់ក្រុង ស្រុក ឃុំ សង្កាត់ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus) នៅស្រុកកំចាយមារ

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែចែត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលាស្រុកកំចាយមារ បានរៀបចំកិច្ចប្រជុំរៀបចំរបាយការណ៍បញ្ជាក់ក្រុង ស្រុក ឃុំ សង្កាត់ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យាត សាមឿន អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៊ិន ជីវ័ន្ត អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ។ សមាសភាពចូលរួមក្នុងឱកាសនោះ រួមមាន៖ ​លោក លោកស្រី តំណាងមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង លោក នាយករងរដ្ឋបាលស្រុក

​លោក មេឃុំ ស្មៀនឃុំទាំង ៨ឃុំ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកកំចាយមារ។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងប្រមូលទិន្នន័យជាក់ស្ដែងក្នុងការរៀបចំរបាយការណ៍វាយតម្លៃឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យនៃ «ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus)»។ នេះជាជំហានថ្មីមួយទៀតបន្ទាប់ពីទទួលបានជោគជ័យក្នុងការសម្រេចបានជាស្រុក ODF កន្លងមក ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់បង្គន់អនាម័យឱ្យបាន ១០០% ការមានកន្លែងលាងសម្អាតដៃ និងការគ្រប់គ្រងកាកសំណល់បង្គន់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

ក្នុងឱកាសនោះ លោកអភិបាលរងស្រុក បានជំរុញដល់រដ្ឋបាលឃុំទាំង ៨ ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការជាមួយមន្ទីរជំនាញ ដើម្បីរៀបចំឯកសារ និងទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅរកការប្រកាសទទួលស្គាល់ជាផ្លូវការនូវឋានៈ ODF Plus នាពេលឆាប់ៗខាងមុខនេះ សំដៅលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *