ខេត្តព្រៃវែង: នារសៀលថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តលើករាសី និងចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងនៅបរិវេណសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត។ ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រធានពន្ធនាគារខេត្ត។ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ អភិបាលក្រុង ស្រុកទាំង ១៣ និងប្រធានទីស្នាក់ការច្រកទាំង ៦ ក្នុងខេត្ត។ មន្ត្រីរាជការ និងបុគ្គលិកនៃសាលាខេត្តព្រៃវែងយ៉ាងច្រើនផងដែរ។
ការរៀបចំពិធីសូត្រមន្តនាឱកាសនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងប្រពៃណីជាតិ ដើម្បីបណ្តេញគ្រោះចង្រៃទាំងពួងក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីជ័យមង្គលក្នុងឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំទាំងអស់ ក៏បានឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ក្នុងពិធីនេះដែរ ព្រះសង្ឃបានស្វាធ្យាយជ័យបរិត្ត ប្រោះព្រំទឹកមន្តសិរីសួស្តី ជូនដល់អង្គពិធីទាំងមូល ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ក្នុងការរួមកម្លាំងគ្នាបម្រើជាតិ និងប្រជាជនឱ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព៕

