ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញផ្ដល់អំណោយអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះសង្ឃរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

(កំពង់ចាម) : នៅព្រឹកថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ កុដិថ្មនិងឈើរបស់ ព្រះសមុហ៍អនុគណនិងជាព្រះចៅអធិការវត្ត ប្រក់ក្បឿង ២ខ្នង ទំហំ ១២ម × ១៥ម និង និង ឧបដ្ឋានសាលា ទំហំ ២៥ម× ២៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុង កាលពីម៉ោង ៥ល្ងាច នា ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងកុដិ បាត់បង់ទាំងឧបដ្ឋានសាលា ក៏ឆេះអស់គ្មានសល់។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជា ពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

ដោយអាកាសធាតុមានការប្រែប្រួល ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក មិនថាប្រជាពលរដ្ឋឬព្រះសង្ឃតាម វត្តអារាមនោះទេ ត្រូវតែប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះ មុននឹងចេញពីផ្ទះ ឬ កុដិ ត្រូវពន្លត់ភ្លើងធូប ទៀន ចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានជាប្រចាំ តាមទិសស្លោក ” ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី”។

អំណោយមនុស្សធម៌ ដែលបានប្រគេនព្រះចៅអធិការវត្តរងគ្រោះ រួមមាន៖

អង្ករ ២០០គក្រ ត្រីខ ៨យួរ ,ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ ,មី ៨កេស ,តង់ធំ៨ និង ថវិកាសរុបចំនួន ៧.០០០.០០០រៀល ក្នុងនេះ ថវិការដ្ឋបាលខេត្តចំនួន ៥.០០០.០០០រៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *