(ភ្នំពេញ) : ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ នេះ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដកពិសោធ ស្តីពីការអនុវត្តវិធានការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។
កិច្ចប្រជុំនេះ ធ្វើនៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី សេន សុភាព ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន, លោកនាយ នាយរងការិយាល័យ, លោកនាយ នាយរងផ្នែក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី សេន សុភាព ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានធ្វើរបាយការណ៍សង្ខេប និងលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងប្រតិបត្តិការកន្លងមក ជូនអង្គប្រជុំជ្រាប។
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ មានប្រសាសន៍ថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធន៍ដើម្បីប្រមូលធាតុចូលសំខាន់ៗ លើចំណុចខ្លាំង និងចំណុចប្រឈម ពាក់ព័ន្ធប្រតិបត្តិការកន្លងមក ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារបង្ក្រាបឲ្យកាន់តែប្រសើរថែមទៀតនាពេលខាងមុខ។
បន្ទាប់ពីមានការចូលរួមមតិពីសមាជិកអង្គប្រជុំ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានណែនាំឲ្យបង្កើតស្តង់ដារប្រតិបត្តិ (SOP) ក្នុងនោះត្រូវបែងចែកក្រុមការងារជាក្រុមតូចៗ ដោយក្រុមនីមួយៗ ត្រូវគោរពឲ្យបានម៉ឹងម៉ាត់តាមតួនាទី ភារកិច្ចដែលបានចាត់តាំង ហើយស្ដង់ដារប្រតិបត្តិ (SOP) ដែលបានដាក់ចេញនោះត្រូវស្របទៅនឹងគោលការណ៍ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឧត្តមសេនីយ៍ឯក បានបន្ថែមថា នាយកដ្ឋានត្រូវពិនិត្យមើលឡើងវិញនូវសម្ភារៈបច្ចេកទេសសម្រាប់គាំទ្រដល់ប្រតិបត្តិការ និងបានឯកភាពលើសំណូមពរឲ្យមានវគ្គលើការងារដោះស្រាយនីតិវិធី និងក្រុមអន្តរាគមន៍ផងដែរ។
ជាចុងក្រោយ ឧត្តមសេនីយ៍ឯក បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឲ្យបន្តខិតខំបំពេញភារកិច្ចដោយមានការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ ជាពិសេសគោរពវិន័យ ក្រមសិលធម៌ វិជ្ជាជីវៈ និងមានសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបានជូនពរក្នុងឱកាសឆ្នាំថ្មីនេះ សូមសមប្រកបនឹងពុទ្ធពរទាំងឡាយគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

