(ភ្នំពេញ) :នារសៀលថ្ងៃសៅរិ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ផូ ភួង ដែលត្រូវជាម្តាយបង្កើត ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយរោគាពាធ។ សម្តេចតេជោបានមានប្រសាសន៍រំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នូវការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុតដែលប្រកបទៅដោយព្រហ្មវិហារធម៍ និងសង្គហធម៍ របស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលតែងតែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចារលើក្រាំងមាសរំលែកទុក្ខដល់ក្រុមគ្រួសារមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ផូ ភួង។

