(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ការរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្តន៍ គឺដើម្បីរំលឹកគុណូបការៈ និងពង្រឹងសាមគ្គីភាព។ ថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ “វីរភាព និងការលះបង់” របស់អតីតមន្ត្រីរាជការទាំងអស់។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ផ្លែផ្កានៃវឌ្ឍនភាព និងសន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីការត្រួសត្រាយផ្លូវ និងតម្លៃនៃពលិកម្មរបស់រៀមច្បងជំនាន់មុនឡើយ។ ការជួបជុំនេះ មិនត្រឹមតែជាការសួរសុខទុក្ខធម្មតានោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញនូវកតញ្ញូធម៌របស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែចងចាំជានិច្ចនូវរាល់គុណបំណាច់របស់អ្នកជំនាន់មុន៕

