ស្នងការនគរបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗមួយចំនួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ខេត្តបាត់ដំបង: ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១-សូមប្រុងប្រយ័ត្នចំពោះការដុតភ្លើងទៀន ភ្លើងធូប ភ្លើងជើងក្រាន ធុងហ្កាសឬ ចរន្តអគ្គិសនីនៅក្នុងកិច្ចពិធីផ្សេងៗទៅតាមជំនឿ ប្រពៃណីនិងទំនៀមទម្លាប់។

២-សូមពិនិត្យឱ្យបានជាប់ជាប្រចាំភ្លើងទៀន ធូប ជើងក្រាន ធុងហ្កាស និងចរន្តអគ្គិសនី រួមទាំងពិនិត្យឱ្យបានហ្មត់ចត់នូវសុវត្ថិភាពលំនៅដ្ឋានរបស់បង ប្អូនមុនពេលចាកចេញពីលំនៅឋានទោះទៅទីជិតឬទីឆ្ងាយ ។

៣-ការធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយ ក្នុងឱកាសបុណ្យនេះ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ចៀសវាងករណីគ្រោះថ្នាក់ណាមួយកើតឡើងដោយការធ្វេសប្រហែស ឬមិនគោរពច្បាប់ ពិសេសសូមកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន។

៤-ករណីមានបញ្ហាអសន្តិសុខណាមួយកើតឡើង សូមមេត្តាធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទរបស់នគរបាល លេខប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង 09777 80014 និងលេខHotline 117 ឬសមត្ថកិច្ចនគរបាលដែលនៅជិតបំផុតដើម្បីចុះអន្តរាគមន៍បានទាន់ ពេលវេលា ។

កងកម្លាំងនគរបាលធ្វើជាកម្លាំងស្នូល ដោយសហការជាមួយកងប្រជាការពារ អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធនៅតាមទីអារាមនៅតាមដងផ្លូវទីរមណីយដ្ឋាន កន្លែងកម្សាន្តសប្បាយនានា ក្រៅពីនោះបានត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ និងសម្រួលដោះស្រាយសភាពការណ៍ទាន់ពេលវេលា ស្របតាមផែនការលេខ០១៦ផក.នបខ ចុះថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងផែនការលេខ ០១៧ ផក.នប ចុះថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៦៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *