(កំពង់ចាម) នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ចំនួន 21ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគិតត្រឹមថ្ងៃទី៨ មេសា នេះ សំណង់ខាងលើសម្រេចបានប្រមាណ70% ហើយ ដោយគ្រោងនឹងប្រគល់ជូន គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជូនឲ្យចូលស្នាក់នៅជាបន្តបន្ទាប់ឆាប់ៗនេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាសមាគមខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេ តែងបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជន ដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ ហើយតាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឲ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលសុខសន្តិភាព។
ឯកឧត្តម អភិបាលខេត្តបន្តថា ការកសាងផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមជាមួយ សម្តេចតេជោ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ក្រុមការងារបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានការងារសាងសង់សំណង់ខាងលើឲ្យមានគុណភាពខ្ពស់ ដើម្បីប្រើប្រាស់បានយូរអង្វែង។
បើតាមរបាយការណ៍របស់លេខាធិការដ្ឋានសាខាសមាគម បានបញ្ជាក់ថា ផ្ទះដែលត្រូវបានកសាងជូនគ្រួសារអតីតយុទ្ធជន និវត្តន៍ ទាំង21 ផ្ទះ រួមមាន:
-ស្រុកកំពង់សៀម 2ខ្នង -ស្រុកព្រៃឈរ 3ខ្មង -ស្រុកជើងព្រៃ 2ខ្នង -ស្រុកបាធាយ 6ខ្នង -ស្រុកចំការលើ 2ខ្នង -ស្រុកស្ទឹងត្រង់ 2ខ្នង -ស្រុកកងមាស 3ខ្នង និង ស្រុកស្រីសន្ធរ ចំនួន 1ខ្នងផងដែរ៕

