ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដស្ដីពីការពិភាក្សាផែនការការពារ និងសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកអភិបាលក្រុងស្រុកទាំង១៣ នាយក នាយករងរដ្ឋបាលសាលាខេត្ដ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។
បន្ទាប់ពី ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានរាយការណ៍អំពីការរៀបចំផែនការការពារ និងតម្រាយផ្លូវ ក្នុងការបិទផ្លូវនូវតំបន់មួយចំនួនដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចមក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានណែនាំដល់កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ស្រុក និងអធិការក្រុង ស្រុកទាំង១៣ក្រុង ស្រុកត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព រួមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស និងជាពិសេសផងដែលត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបន្តថា រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ពង្រឹងសណ្ដាប់ធ្នាប់ អនាម័យ និងគ្រប់គ្រងសំរាមនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបានល្អប្រសើរ និងបានណែនាំឱ្យអាជ្ញាធរខេត្ដសហការជាមួយ ស.ស.យ.កខេត្ដ បង្កើតកម្មវិធីផ្សេងៗបន្ដទៀតដើម្បីជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបកាន់តែច្រើន៕

