អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋ ចំនួន១៨៨គ្រួសារ

ខេត្តពោធិ៍សាត់:  ក្នុងស្មារតីចែករំលែក និងក្តីស្រឡាញ់ចំពោះបងប្អូនអ្នកជិតខាងក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋជាភូមិផងរបងជាមួយ ចំនួន ១៨៨គ្រួសារ មកពីភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត និងសមាជិកាសមាគមនារីជាច្រើនរូបទៀត។ សម្ភារដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗ ត្រូវទទួលបាន៖ អង្ករ២០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេសតូច, មុង១, កន្ទេល១, ភួយ១ និងថវិកា២ម៉ឺនរៀល។

ឯកឧត្តម ខូយ រីដា បានសម្តែងនូវក្តីរីករាយ ដែលបានជួបជុំបងប្អូនអ្នកភូមិផងរបងជាមួយ ក្នុងឱកាសត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា៖ «ការជួបជុំគ្នានៅថ្ងៃនេះ គឺស្តែងឱ្យឃើញពីមនោសញ្ចេតនាគ្រួសារតែមួយ សាមគ្គីភាព និងការចេះជួយគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាងល្អ។ ទោះបីអំណោយទាំងនេះ មិនមានតម្លៃមហាសាល ប៉ុន្តែវាគឺជាទឹកចិត្តពិតប្រាកដ ដើម្បីជួយសម្រាលការលំបាក ក្នុងឱកាសបុណ្យប្រពៃណីជាតិយើង»។ ឯកឧត្តមអភិបាលខេត្ត ខូយ រីដា ក៏បានណែនាំឱ្យបងប្អូនប្រុងប្រយ័ត្នចំពោះសុខភាព ពិសារទឹកឱ្យបានច្រើន និងបរិភោគអាហារដែលមានអនាម័យ ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗ ក្នុងអំឡុងពេលអាកាសធាតុ កំពុងស្ថិតក្នុងរដូវក្តៅខ្លាំងនេះ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរគិតគូរខ្ពស់ពីសុខទុករបស់ពលរដ្ឋ និងដោះស្រាយដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ ក៏ដូចជាក្នុងស្ថានភាពដ៏លំបាក នៃសង្គ្រាមនៅមជ្ឈឹមប្រទេស។ ឯកឧត្តមបញ្ជាក់យ៉ាងច្បាស់ថា «ដាច់ខាតមិនឱ្យបាត់បង់បូរណភាពទឹកដី សូម្បីមួយមិល្លីម៉ែត្រឡើយ» ដូច្នេះបងប្អូនត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ។

ស្របពេលដែលខេត្តពោធិ៍សាត់ ទទួលបានការគាំទ្រច្រើន ទាក់ទងនឹងអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងរបៀបរយសាធារណៈ ឯកឧត្តមបានជំរុញឱ្យបងប្អូនរៀបចំសម្អាតអនាម័យ និងបរិស្ថាននៅមុខផ្ទះរៀងៗខ្លួនឱ្យមាន «រាសី» ដើម្បីទទួលទេវតាឆ្នាំថ្មីផង និងដើម្បីលើកកម្ពស់មុខមាត់ខេត្តរបស់យើង ឱ្យកាន់តែស្រស់បំព្រង។ ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ក៏បានចូលសម្តែងការគួរសម និងលំឱនកាយវាចាចិត្ត គោរពជូនពរជ័យយ៉ាងខ្ពង់ខ្ពស់ជូនចំពោះ ឯកឧត្តមខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយរីដា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺថ្លា ដើម្បីបន្តដឹកនាំខេត្តពោធិ៍សាត់ឱ្យកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *