ខេត្តព្រៃវែង: ទោះបីជាត្រូវឈរក្រោមពន្លឺថ្ងៃដ៏ក្ដៅហួតហែងយ៉ាងណាក៏ដោយ ក៏កសិករម្ចាស់ចំការពោតនៅក្នុងស្រុកពាមជរ នៅតែបង្ហាញទឹកមុខស្រស់ស្រាយ ខណៈដែលពួកគាត់កំពុងមមាញឹកប្រមូលផលពោតយ៉ាងសស្រាក់សស្រាំ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក ហេង ថារដ្ឋ ជាកសិកររស់នៅក្នុង ភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង បានក្លាយជាបុគ្គលម្នាក់ដែលមិនទុកពេលវេលាឱ្យទំនេរឥតប្រយោជន៍។ លោកបានចាប់យកមុខរបរដាំពោតលើផ្ទៃដីប្រមាណ ៤ ហិកតា ដើម្បីបង្កើនចំណូល និងសម្រួលបន្ទុកគ្រួសារ។ លោក ថារដ្ឋ បានរៀបរាប់ទាំងទឹកមុខរីករាយថា ដំណាំពោតគឺជាប្រភេទដំណាំដែលងាយស្រួលដាំ និងឆាប់បានប្រមូលផល ដោយប្រើរយៈពេលត្រឹមតែ ៣ ខែ ១៥ ថ្ងៃ ទៅ ៣ ខែ ២០ ថ្ងៃ ប៉ុណ្ណោះ។ លោកបានបន្ថែមថា ប្រសិនបើការថែទាំបានដិតដល់ ក្នុងមួយឆ្នាំលោកអាចដាំបានពី ២ ទៅ ៣ ដង ដែលវាជាប្រភពចំណូលដ៏សំខាន់សម្រាប់ជួយឱ្យជីវភាពគ្រួសារល្អប្រសើរជាងមុន។
នៅក្នុងភូមិសង្គ្រោះទាំងមូល មានផ្ទៃដីដាំពោតសរុបប្រហែល ៥៤៨ ហិកតា។ សម្រាប់ឆ្នាំនេះ ទិន្នផលទទួលបានជាមធ្យមគឺ ១១ តោន ក្នុងមួយហិកតា។ ចំពោះការលក់ចេញវិញ គឺមានឈ្មួញចុះមកទិញ និងដឹកជញ្ជូនដល់ទីកន្លែងតែម្ដង ដើម្បីយកទៅផលិតជាចំណីសត្វ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន CP សម្រាប់ធ្វើជាចំណីនំផ្សេងៗ។
បញ្ហាប្រឈម តម្លៃប្រេងឡើងថ្លៃ ប៉ុន្តែតម្លៃពោតស្រុតចុះ
ទោះបីជាទទួលបានទិន្នផលខ្ពស់គួរជាទីមោទនៈក៏ដោយ ក៏លោក ថារដ្ឋ ក៏ដូចជាកសិករដទៃទៀត បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាថ្លៃដើមផលិត។ កសិករបានត្អូញត្អែរថា តម្លៃពោតកាលពីឆ្នាំមុន អាចលក់បានក្នុងតម្លៃចន្លោះពី ៧៨០ ទៅ ៨០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះធ្លាក់ចុះមកត្រឹម ៧៣០ ទៅ ៧៤០ រៀល ប៉ុណ្ណោះ។
តម្លៃប្រេងបានហក់ឡើងខ្ពស់ ដែលបណ្ដាលឱ្យតម្លៃឈ្នួលម៉ាស៊ីនបូតពោតក៏ឡើងថ្លៃទៅតាមនោះដែរ។ លោកបានលើកជាសំណួរដោយក្តីបារម្ភថា៖ «ហេតុអ្វីបានជាប្រេងឡើងថ្លៃ តែតម្លៃពោតបែរជាមិនឡើងតាមប្រេង?»
ក្រៅពីបច្ចេកទេសដាំដុះដែលត្រូវយកចិត្តទុកដាក់លើការដាក់ទឹក និងជីឱ្យត្រូវតាមបច្ចេកទេស កសិករនៅតែភ័យខ្លាចចំពោះភាពមិនច្បាស់លាស់នៃតម្លៃទីផ្សារ។ ជាចុងក្រោយ លោក ហេង ថារដ្ឋ បានថ្លែងអំណរគុណដល់មន្ទីរព័ត៌មានខេត្តព្រៃវែង ដែលបានចុះមកផ្តិតរូបភាព និងផ្សព្វផ្សាយពីសុខទុក្ខរបស់កសិករ។
លោកក៏បានសំណូមពរតាមរយៈការផ្សាយនេះ ដល់រាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍លើតម្លៃប្រេងឱ្យចុះមកដូចដើមវិញ និងជួយរក្សាលំនឹងតម្លៃទីផ្សារកសិផល ដើម្បីឱ្យកសិករមានកម្លាំងចិត្តក្នុងពង្រីកការដាំដុះ និងលើកកម្ពស់ជីវភាពឱ្យកាន់តែមានភាពធូរធារប្រកបដោយចីរភាព៕

