អភិបាលខេត្តពោធិ៍សាត់ ៖ មន្ត្រីរាជការត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន

ខេត្តពោធិ៍សាត់:  ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសង្កត់ធ្ងន់ថា មន្ត្រីរាជការរបស់រដ្ឋបាលខេត្តទាំងអស់ ត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន ហើយបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។

ការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សរុបជាង ២០០នាក់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ខាងមុខ។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខរួមទុក្ខ បំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងខេត្តពោធិ៍សាត់ យ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ និងអន្តរាគមន៍ជួយជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព។

ឯកឧត្តម បានសង្កត់ធ្ងន់ថា មន្ត្រីរាជការត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន។ ត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ជាពិសេសការងាររដ្ឋបាល និងការសរសេរអក្ខរាវិរុទ្ធខ្មែរ ឱ្យបានត្រឹមត្រូវបំផុត ដើម្បីធានានូវសេចក្តីថ្លៃថ្នូរ និងភាពច្បាស់លាស់ នៃឯកសាររដ្ឋបាល។

ឯកឧត្តម អភិបាលខេត្ត បានដាស់តឿនថា រាល់ការបំពេញភារកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់។ ក្នុងករណីដែលមានការផ្លាស់ប្តូរតួនាទី ឬបញ្ចប់ភារកិច្ចតាមយថាហេតុណាមួយ សូមកុំឱ្យមានសតិអារម្មណ៍មិនល្អ ឬការថ្នាំងថ្នាក់ឡើយ ព្រោះមន្ត្រីរាជការ ត្រូវតម្កល់ផលប្រយោជន៍អង្គភាព និងសង្គមជាតិជាធំ។

ឯកឧត្តម ខូយ រីដា បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តរក្សានូវស្មារតីជួយគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនខេត្តពោធិ៍សាត់។

ឯកឧត្តម បានវាយតម្លៃខ្ពស់ដែលខេត្តពោធិ៍សាត់ ទទួលបានជោគជ័យយ៉ាងធំធេងលើ “ការងារអនាម័យបរិស្ថាន” និង “ការដំឡើងភ្លើងបំភ្លឺសាធារណៈ” ដែលធ្វើឱ្យក្រុង-ស្រុកមានសោភ័ណភាពស្រស់បំព្រង មានការរៀបចំសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍បានច្រើន។

ឯកឧត្តម ក៏បានអំពាវនាវ ដល់មន្ត្រីយើង ត្រូវចាប់ផ្តើមធ្វើជាគំរូពីខ្លួនឯង និងគ្រួសារ ដោយត្រូវ “រៀបចំសម្អាតបរិស្ថាននៅមុខផ្ទះរៀងៗខ្លួនឱ្យមានរាសី” ដើម្បីទទួលទេវតាឆ្នាំថ្មីផង និងដើម្បីលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ទាំងមូលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *