ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦

ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក សហការជាមួយស.ស.យ.កនាំយកផលិតផលដែលមានសក្ដានុពលនៅតាមបណ្ដាក្រុង ស្រុករបស់ខ្លួនមកតាំងបង្ហាញ និងលក់ជូនដល់ភ្ញៀវក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំនេះ។

ឯកឧត្តមបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។

ឯកឧត្តម ណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តបាត់ដំបង។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង២០២៦ក្នុងគោលបំណងដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នាពេលខាងមុខ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌នៅតំបន់សំខាន់ៗក្នុងក្រុងបាត់ដំបង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *