ខេត្តព្រៃវែង: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងគាំទ្រនិងកោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននិងកំពុងជំរុញសកម្មភាពដើម្បី «ភាពស្អាត» នៅកម្ពុជា។
ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលធុងដាក់សំរាមរបស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តព្រៃវែង ចំនួន ៥២៩៧ធុង ដើម្បីចែកជូនទៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាពតាមមូលដ្ឋាន ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការចូលរួមសម្អាតអនាម័យបរិស្ថាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាលបានកំណត់យក «អនាម័យបរិស្ថាន» ជាចំណុចសំខាន់មួយក្នុងចំណោមលក្ខណៈសម្បត្តិទាំង ៧ នៃគោលនយោបាយ ដើម្បីលើកកម្ពស់សុខុមាលភាព និងសោភ័ណភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងជំរុញចលនាចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាធ្វើអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈឱ្យបានជាប្រចាំ ដែលវាមិនត្រឹមតែផ្តល់នូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាព មានភាពស្អាត និងមានសណ្តាប់ធ្នាប់ល្អទៀតផង។
ក្នុងឱកាសអញ្ជើញចូលរួមពិធីនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគាំទ្រ និងជំរុញសកម្មភាព ដើម្បីឱ្យកម្ពុជាមានភាពស្អាត ចាប់ពីមូលដ្ឋាន ក៏ដូចជា ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថុភាព។
ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណ និងអរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ទាំងអស់ បានចូលរួមសកម្មភាព ដើម្បីឱ្យមូលដ្ឋាន និងនៅតាមដងផ្លូវជាតិមានភាពស្អាត មិនមានសំរាម សំណល់ប្លាស្ទិក និងបន្តនូវទម្លាប់ស្អាតជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នាពេលកន្លងមក បានផ្តល់ធុងដាក់សំរាម សរុប ១៩ ៣៦៨ធុង ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។ តាមការគ្រោងទុក ក្រសួងបរិស្ថាន និងផ្តល់ជូនធុងសំរាមឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅតាមរាជធានី-ខេត្ត មួយចំនួនទៀតទូទាំងប្រទេស សរុប ចំនួន ៥៥ ៣២៥ ធុង នៅក្នុងឆ្នាំ២០២៦នេះ៕

