រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីលើកយកបញ្ហាធំៗចំនួន៣ មកពិនិត្យពិភាក្សា

ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយកិច្ចប្រជុំបានបន្ថែមនូវរបៀបវារៈ ស្តីពីការពង្រឹងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត ខណ្ឌ ក្រុង ស្រុក ក្រោយពីសន្និបាតរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញដល់ការិយាល័យប្រជាពលរដ្ឋបានដំណើរការទៅបានល្អបន្ថែមទៀត ជាពិសេសបញ្ហាតម្លៃទឹកស្រោចស្រពស្រែប្រាំង បញ្ហាអគ្គិសនី និងបញ្ហាក្មេងទំនើង។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ដា រាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង គឺជាធាតុចូលនៃសូចនាករដ៏សំខាន់ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្តយកទៅអនុវត្ត។ លោកបានជំរុញដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ត្រូវធ្វើការគ្រប់គ្រង និងអនុវត្តឱ្យខាងតែបាននូវរាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣នេះ។ ជាពិសេស សូមបន្តលើការងារបរិស្ថាន អនាម័យក្នុងក្រុងស្រុក ដើម្បីលើកនូវសោភ័ណភាពខេត្តឱ្យកាន់តែទាក់ទាញដល់ភ្ញៀវ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លី សំរិទ្ធ បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបានប្រចាំខែមីនា ឆ្នាំ២០២៦ ព្រមទាំងសូមឱ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និងពិនិត្យអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។ ជាមួយនោះ នៅតាមក្រុមនីមួយៗ របស់ក្រុមប្រឹក្សាខេត្ត រាល់សកម្មភាពរបស់ខ្លួន ត្រូវធ្វើការពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីជាគោលដៅសម្រាប់ក្នុងការអនុវត្តបន្ត។

ឯកឧត្តម លី សំរិទ្ធ ក៏បានផ្តល់នូវអនុសាសន៍ដល់ក្រុមការងារ ក្នុងការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយនូវរាល់បញ្ហា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលទាក់ទងលើសេវាសាធារណៈ។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីការងារការិយាល័យប្រជាពលរដ្ឋខេត្ត ដែលបានធ្វើការបង្ហាញផ្សព្វផ្សាយជូនដល់កិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីឱ្យការិយាល័យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ មានសុវត្ថិភាពពេញលេញ គុណវុឌ្ឍ ដើម្បីឆ្លើយតបទៅនឹងតួនាទីការងារ ក្នុងការអភិវឌ្ឍន៍តួនាទីភារកិច្ច ចំពោះមុខងាររបស់ខ្លួនសម្រាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសង្កត់ធ្ងន់លើបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និងក្មេងទំនើង ដែលជាប្រធានបទដ៏ក្ដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឱ្យខាងតែបាន។ ក្នុងន័យនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានកម្លាំងសមត្ថកិច្ច មានតួនាទីបង្ក្រាបក្រុមក្មេងទំនើងកុំឱ្យមានក្នុងមូលដ្ឋាន ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ សំខាន់ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើង ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅថ្ងៃខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *