Update :នគរបាលឃាត់ខ្លួនអ្នកបើកបរបង្កគ្រោះថ្នាក់ នៅឃុំស្ពឺ ស្រុកចំការលើ កសាងសំណុំរឿងចាត់ការតាមនិតិវិធី

(កំពង់ចាម) : #សេចក្តីបំភ្លឺព័ត៌មាន

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូន អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ស្ដីពីការស្ទាក់ឃាត់ខ្លួនអ្នកបើកបររថយន្ដ ដែលរត់គេចពីកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ។

អំពីអង្គហេតុ:
នៅវេលាម៉ោង ៩:៣៥នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង:

បង្កឡើងដោយរថយន្តម៉ាក TOYOTA VELL FIRE ពណ៌ខ្មៅ ស្លាក់លេខ ភ្នំពេញ 2BA-7775 បើកបរ ដោយឈ្មោះ ប៉ុន ពោធិចា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានបុកប៉ះជាមួយរថយន្ត ១គ្រឿងម៉ាក Tacoma ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2 AQ-7400 និងបន្ដទៅបុកប៉ះជាមួយរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ស្លាកលេខ 2AM-8590 បន្ទាប់មកអ្នកបើកបររថយន្តម៉ាក TOYOTA VELL FIRE ពណ៌ខ្មៅ ស្លាក់លេខ ភ្នំពេញ 2BA-7775 បានបន្តបើករត់គេចពីកន្លែងកើតហេតុ ។

ខណៈនោះ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្តខាងលើ តែរថយន្តនេះមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បើកបំបុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានរបួសចំនួន៣នាក់ និងខូចខាតម៉ូតូ ចំនួន៤គ្រឿងទៀតជាបន្តបន្ទាប់ ហើយមិនបានឈប់រថយន្ត ក៏បន្ដទៅដល់ចំណុច ស្ថិតក្នុងភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ ក៏បានបើកបំបុករថយន្ដកម្លាំងនគរបាល ដែលកំពុងប្រតិបត្តិការ ១គ្រឿងទៀត ។

ដើម្បីការពារខ្លួន និងកុំឲ្យបន្តមានគ្រោះថ្នាក់ដល់អ្នកដទៃបន្តទៀតផងនោះ ដោយក្នុងពេលកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានតែម្ដង ដើម្បីឃាត់រថយន្តខាងលើ ។

សូមបញ្ជាក់ថា ករណីនេះ បណ្ដាលឲ្យរងរបួស កងកម្លាំងនគរបាលចំនួន ៣នាក់ និងខូចខាតម៉ូតូចំនួន ៤គ្រឿង និងរថយន្តចំនួន ៤គ្រឿង ។

បច្ចុប្បន្ន ជំនាញបានឃាត់ខ្លួនអ្នកបើកបរឈ្មោះ ប៉ុន ពោធិចា មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចំការលើ និងបានកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ចូនទៅស្ថាប័ន អយ្យការអមសាលាដំបូងខេត្តកំពង់ចាម តាមការសម្របសម្រួលរបស់ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *