អភិបាលរាជធានីភ្នំពេញ ណែនាំកងកម្លាំងរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ នៅគ្រប់កន្លែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ) : ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ: អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់ លើការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី មិនមែនតែនៅទីតាំង «នគរសង្ក្រាន្ត» ៦ទីតាំង ដែលរៀបចំឡើងដោយ ស.ស.យ.ក. សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះទេ។

ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសាលារាជធានីភ្នំពេញ ។

ក្នុងនោះឯកឧត្តម ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋ ក្រៅពីមកដើរលេងកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតំបន់សប្បាយភាព ៥ទីតាំងទៀត ដែលរៀបចំឡើងដោយ ស.ស.យ.ក. សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញហើយនោះ ប្រជាពលរដ្ឋអាចដើរលេងកម្សាន្ត នៅតាមបណ្តាវត្តអារាម ឬនៅកន្លែងសប្បាយភាពផ្សេងទៀត។

ដូច្នេះ ឯកឧត្តម អភិបាល បានឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ លើការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋ ទទួកបានភាពសប្បាយរីករាយ មិនថានៅទីតាំង «នគរសង្ក្រាន្ត» ឬទីតាំងផ្សេងៗទៀតឡើយ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ស.ស.យ.ក. នឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងផ្លូវ១៥៥ បរិវេណផ្សារទួលទំពូងផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *