(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ ការគូរគំនូរតាមបណ្តោយច្រាំងទន្លេមេគង្គ ដែលរូបគំនូរនីមួយៗ មានគូររូបវីរៈកងទ័ពកម្ពុជា ដែលជាវីរកងទ័ពដល់អង់អាចក្លាហ៊ាន ការពារទឹកដី ជាខឿនការពារដ៏រឹងមាំ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម បានក៏ណែនាំដល់វិចិត្រករឲ្យគូរគំនូរដែលមានរូបវីរៈកងទ័ពកម្ពុជាជួរមុខ ដែលមានរូបដៃកាន់ទង់ជាតិកម្ពុជា ដែលបង្ហាញពីភាព ក្លាហាន អង់អាច និងជាវីរៈបុរសសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញដល់វិចិត្រករ ឲ្យគូរប្រាសាទតាក្របី ប្រាសាទព្រះវិហារ ដើម្បីជាការរំលឹកដល់កូនខ្មែរគ្រប់រូប ចងចាំ ពីស្នាដៃរបស់ដូនតាខ្មែរ បន្សល់ទុក សម្រាប់ឲ្យកូនចៅជំនាន់ថែរក្សា ដូច្នេះ ទើបរដ្ឋបាលខេត្ត បំផុសស្មារតីឲ្យកូនខ្មែរគ្រប់រូប ត្រូវស្រលាញ់វប្បធម៌ ប្រាណប្រាសាទ ដួងព្រលឹងខ្មែរ ចងចាំជានិច្ច មិនអាចបំភ្លេចបាន។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ យុវជន យុវនារី ដែលមានសមត្ថភាពគូរគំនូរស្អាតៗ ដែលមានចង់បន្សល់ទុកស្នាដៃរបស់ខ្លួននៅលើជញ្ជាំងច្រាំងទន្លេ អាចចូលរួមគូរគំនូរទាំងអស់ ដើម្បីបង្ហាញពីភាពសាមគ្គីភាពគ្នា ខ្មែររួបរួមគ្នាខ្មែរខ្លាំង ហើយ ក៏ការបង្ហាញក្តីស្រឡាញ់ចំពោះបងប្អូនវីរកងទ័ពរបស់ដែលឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែន៕

