លោករដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ​តាមសត្តឃាតដ្ឋាន និងកន្លែងចិញ្ចឹមសត្វ ក្នុងខេ​ត្ត​ព្រៃ​វែង និងខេត្តស្វាយរៀង

នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ លោក ម៉ាន សុគ្រី រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម​ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យតាមសត្វឃាត​ដ្ឋាន និងទីកន្លែងចិញ្ចឹមសត្វ។

តាមការចុះពិនិត្យដល់ទីតាំងជាក់ស្តែង តាមសត្តឃាតដ្ឋាន​នៃខេត្តទាំង​ពីរជា​ប្រភេទសត្តឃាតដ្ឋានប្រភេទ “ខ” ក្នុងនោះសត្ត​ឃាត​ដ្ឋានក្នុង​ខេត្តព្រៃវែង ភាគច្រើនជាការវិនិយោគ និងការធ្វើអាជីវ​កម្ម​ភាស៊ីសត្ត​ឃាតដ្ឋាន ដែលទទួលបានការអនុញ្ញាតជាគោលការណ៍​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯខេត្តស្វាយរៀងវិញ មានតែមួយ​ប៉ុណ្ណោះ​ដែលជាការវិនិយោគ និងការធ្វើអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន ក្រៅពី​នោះគឺស្ថិតក្រោមការគ្រប់គ្រងតាមស្មារតីនៃអនុក្រឹត្យលេខ១០៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងសត្ត​ឃាត​ដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ។

នាឱកាសនោះដែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ​និង​ផលិតកម្មសត្វ បានណែនាំម្ចាស់សត្តឃាតដ្ឋានត្រូវរៀបចំដែកទំពួក​អ៊ីណុកសម្រាប់ព្យួរផ្ទាំងសាច់ គ្រែអ៊ីណុកសម្រាប់កោស និងពុះផ្ទាំង​សាច់ លាងសម្អាតជ្រុញ កាយកាកសំណល់ចេញឱ្យឆ្ងាយពីអគារ​សត្តឃាតដ្ឋាន រៀបចំកន្លែងលាងគ្រឿងក្នុងមានបិទការ៉ូព៌ណស និងមានទុយោបង្ហូរទឹកសម្រាប់លាង សម្អាតខ្ទះស្រុះឱ្យបានស្អាត​ជាប្រចាំថ្ងៃ រៀបចំចង្ក្រាន បំពង់ផ្សែងចង្ក្រានឱ្យបានខ្ពស់ផុតពីដំបូល ទ្រុងដាក់សត្វត្រូវសម្អាត អនាម័យបរិវេណទីធ្លាក្រៅនិងក្នុង​អគារជា​ប្រចាំ ឯប្រព័ន្ធបង្ហូរលាមកត្រូវរៀបចំឱ្យបានត្រឹមត្រូវចៀសវាង​ក្លិន​ស្អុយ​ប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ។ល។

ទន្ទឹមនឹងនោះក្រៅពីការចុះត្រួតពិនិត្យតាមទីសត្តឃាតដ្ឋាន និងកន្លែង​ចិញ្ចឹមសត្វ លោក ម៉ាន សុគ្រី ក៏បានជួបប្រជុំណែនាំដល់​ថ្នាក់ដឹក​នាំ​មន្ទីរ ការិយាល័យជំនាញ និងមន្ត្រីកសិកម្មឃុំ ត្រូវធ្វើការផ្សព្វផ្សាយ​ជូ​ន​ដល់​​ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ ត្រូវចងកុំប្រលែងពាស​វាល​ពាសកាល ជាពិសេសតាមទីប្រជុំជននៅតាមដងផ្លូវ ដែលអាច​បង្ក​ផល​ប៉ៈពាល់ដល់ការធ្វើចរាចររបស់អ្នកដំណើរ និងអាចបង្កគ្រោះ​ថ្នាក់​ដល់អាយុជីវិតអ្នកដទៃជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *