ខេត្តសៀមរាប: ដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងកាត់បន្ថយការខូចខាត និងគ្រោះថ្នាក់ធ្ងន់ធ្ងរពេលមានគ្រោះធម្មជាតិកើតឡើង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិអភិបាលក្រុងនិយមនិយាយភាសាបារាំង (AIMF) បានរៀបចំលំហាត់សមយុទ្ធស្ដីពីការឆ្លើយតបគ្រោះទឹកជំនន់ក្នុងភូមិសាស្ត្រក្រុងសៀមរាប នៃគម្រោងការត្រៀមបង្ការស្ថានភាពបន្ទាន់ខេត្តសៀមរាប ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និង លោក លន់ ទ្រព្យ ប្រធាននាយកដ្ឋានប្រតិបត្តិការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្ដារឡើងវិញនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
លោក អ៉ឹង គឹមលាង គ្រោះមហន្តរាយយើងមិនអាចដឹងមុនបាននោះទេ ដូច្នេះយើងទាំងអស់គ្នាត្រូវរៀបចំឱ្យបានរួចរាល់ ត្រៀមបង្ការ និងបម្រុងទុកជាមុន ដើម្បីអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។ ជាក់ស្ដែងសម្រាប់លំហាត់សមយុទ្ធនាពេលនេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសង្រ្គោះលើភាពជាអ្នកដឹកនាំ គ្រប់គ្រង ការឆ្លើយតបគ្រោះអាសន្ន ផ្ដល់ជាគម្រោងផែនការ និងវិធីសាស្រ្តក្នុងការអនុវត្តសាកល្បង និងសមយុទ្ធជាក់ស្ដែង។ សមយុទ្ធនេះ ក៏ជាការសាកល្បងសមត្ថភាពរបស់មន្រ្ដីមូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាព ដើម្បីលើកស្ទួយជំនាញ ចំណេះដឹង និងអាកប្បកិរិយាដែលសមស្របទៅនឹងស្ថានភាពពេលមានគ្រោះអាសន្ន រួមទាំងកាត់បន្ថយហានិភ័យ និងខូចខាតពីគ្រោះមហន្ដរាយ។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោកប្រធាននាយកដ្ឋានប្រតិបត្ដិការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្ដារឡើងវិញនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការគាំទ្រ និងជំរុញការអនុវត្តការងារកន្លងមក ជាពិសេសតាមរយៈកម្មវិធីសមយុទ្ធនាពេលនេះ។
លោក លន់ ទ្រព្យ ប្រធាននាយកដ្ឋានប្រតិបត្តិការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្ដារឡើងវិញនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ការគ្រប់គ្រងគ្រោះមហន្តរាយបានទាន់ពេលវេលា គឺជាវិធានការសង្គ្រោះបន្ទាន់ដោយផ្ទាល់របស់អាជ្ញាធរ និងកម្លាំងជំនាញ ដើម្បីកាត់បន្ថយអាយុជីវិត ទ្រព្យសម្បត្តិ និងផលដំណាំរបស់ប្រជាពលរដ្ឋ។ ការងារនេះផ្ដោតលើការរៀបចំផែនការត្រៀមបម្រុងទុក ការប្រមូល និងផ្សព្វផ្សាយព័ត៌មានពីហានិភ័យមុនពេលកើតហេតុ ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព។ សម្រាប់ចំណុចគន្លឹះនៃការគ្រប់គ្រងគ្រោះមហន្តរាយទាន់ពេលវេលា ទី១.ការត្រៀមបង្ការជាមុន រៀបចំកម្លាំងជំនាញ សម្ភារ និងផែនការសកម្មភាពទុកជាមុន ទី២.ប្រព័ន្ធប្រកាសឱ្យដឹងមុន ប្រមូល និងផ្សព្វផ្សាយព័ត៌មានអំពីហានិភ័យទៅដល់ប្រជាសហគមន៍ ដើម្បីត្រៀមខ្លួន និងទី៣.ការឆ្លើយតបសង្គ្រោះបន្ទាន់ ចុះអន្តរាគមន៍ភ្លាមៗនៅពេលមានព្រឹត្តិការណ៍ ដើម្បីកាត់បន្ថយការខូចខាត៕

