ខេត្តព្រៃវែង: រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ជំទាវ ជុន បូរ៉ានី និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការចាប់ផ្តើមគូរគំនូរប្រវត្តិសាស្ត្រចំនួន ០៤ផ្ទាំង នៅរោងតម្កល់ទូក “ង” “កម្ពោជិកបុត្តាខេមរាតរី”។
ផ្ទាំងគំនូរទាំង ០៤ផ្ទាំងនេះ នឹងត្រូវសម្រិតសម្រាំងគូរនៅលើជញ្ជាំងនៃរោងតម្កល់ទូក “ង” ដែលស្ថិតនៅបរិវេណចុងប៉ម ក្រុងព្រៃវែង។ គោលបំណងសំខាន់នៃការបង្កើតស្នាដៃសិល្បៈនេះឡើងជាប្រវត្តិសាស្រ្តបង្ហាញជូនសាធារណជននូវព្រឹត្តិការណ៍ពិតនៃសង្គ្រាមព្រំដែនកម្ពុជា-ថៃ។ រំលឹកដល់ការឈឺចាប់ និងការលះបង់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់នាពេលកន្លងមក។
ជម្រុញស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់សន្តិភាព និងការថែរក្សាស្ថិរភាពតាមតំបន់ព្រំដែនឱ្យបានរឹងមាំ។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំង ១៣ មន្ត្រីរាជការនៃសាលាខេត្ត និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។
គំនូរទាំងនេះមិនត្រឹមតែជាសោភ័ណភាពសម្រាប់ក្រុងព្រៃវែងប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជា “បណ្ណាល័យក្រៅផ្ទះ” សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រពីតម្លៃនៃសន្តិភាពដែលយើងកំពុងមាននាពេលបច្ចុប្បន្ន។

