រដ្ឋបាលខេត្តព្រៃវែង បូកសរុបការងារ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងផ្ដល់រង្វាន់លើកទឹកចិត្តដល់អង្គភាពដែលមានស្នាដៃឆ្នើម

ខេត្តព្រៃវែង: នៅរសៀលថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ «A» នៃសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

​កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងនោះដែរ ថ្នាក់ដឹកនាំបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» យ៉ាងមានប្រសិទ្ធភាព។

​ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង ឯកឧត្តមសន្តិបណ្ឌិត និងឯកឧត្តមអភិបាលខេត្ត បានផ្ដល់កិត្តិយសប្រគល់ប័ណ្ណសរសើរ និងថវិកាលើកទឹកចិត្តជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ដែលមានស្នាដៃល្អក្នុងការប្រឡងប្រណាំង ក្នុងនោះរួមមាន៖

​ជ័យលាភីលេខ១ ចំនួន ១១២ ឃុំ-សង្កាត់ ទទួលបានថវិកា ១,០០០,០០០ រៀល ក្នុងមួយអង្គភាព។
​ជ័យលាភីលេខ២ ចំនួន ៤ ឃុំ-សង្កាត់ ទទួលបានថវិកា ៦៥០,០០០ រៀល ក្នុងមួយអង្គភាព។
​សរុបថវិកាដែលបានប្រគល់ ចំនួន ១១៤,៦០០,០០០ រៀល។

​អង្គពិធីមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ តំណាងសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង១៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍ និងស្មៀន សរុបប្រមាណ ៤៧៧ រូប។

​តាមរយៈកិច្ចប្រជុំនេះ រដ្ឋបាលខេត្តព្រៃវែង រំពឹងថានឹងបន្តជំរុញឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កាន់តែមានភាពសកម្ម និងទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដើម្បីបង្កើនភាពសុខសាន្តក្នុងសហគមន៍ទាំងមូល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *