ខេត្តព្រៃវែង: នាថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកបាភ្នំ បានដឹកនាំក្រុមការងារបច្ចេកទេស រួមមានប្រធាន អនុប្រធាន មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ព្រមទាំងអាជ្ញាធរឃុំ និងមន្រ្តីកសិកម្មឃុំ ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាកសិករដែលកំពុងប្រកបមុខរបរដាំដុះត្រកួនទឹក ចំនួន ០២ទីតាំង ស្ថិតក្នុងភូមិតាសូរ និងភូមិចក ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងសកម្មភាពចុះផ្ទាល់ដល់ទីតាំងដាំដុះ លោកអភិបាលស្រុក និងក្រុមការងារបច្ចេកទេស បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើបច្ចេកទេសការដាំទាំងមូល ចាប់តាំងពីដំណាក់កាលជ្រើសរើសពូជ ការរៀបចំដី រហូតដល់បច្ចេកទេសប្រមូលផល។ របរកសិកម្មដាំត្រកួនទឹកនេះ ត្រូវបានគេកត់សម្គាល់ឃើញថា ជាមុខរបរដែលមានសក្តានុពលខ្ពស់ អាចផ្តល់ប្រាក់ចំណូលប្រចាំថ្ងៃយ៉ាងទៀងទាត់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារកសិករក្នុងមូលដ្ឋាន។
នាឱកាសនោះដែរ បងប្អូនប្រជាកសិករបានលើកឡើងនូវបទពិសោធន៍ជោគជ័យ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះ ជាពិសេសផលវិបាកដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការយាយីពីសត្វល្អិតចង្រៃ ដែលធ្វើឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពបន្លែ។
មានប្រសាសន៍ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោក ម៉ននី បណ្ឌិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ដែលបានចេះច្នៃប្រឌិត និងប្រើប្រាស់ផ្ទៃដីឱ្យក្លាយជាប្រភពចំណូលដ៏រឹងមាំ។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ លោកអភិបាលស្រុកបានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីជំនាញកសិកម្ម ត្រូវបន្តចុះជាប់ជាមួយកសិករ ដើម្បីផ្ដល់បច្ចេកទេសបន្ថែម ជួយដោះស្រាយបញ្ហាសត្វល្អិត និងការបន្ស៊ាំទៅនឹងអាកាសធាតុ។
លោកអភិបាលបានសង្កត់ធ្ងន់ថា ការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព គឺជាគន្លឹះសំខាន់ក្នុងការបង្កើនទិន្នផល និងធានាឱ្យបាននូវការផ្គត់ផ្គង់ “បន្លែសុវត្ថិភាព” ទៅកាន់ទីផ្សារ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងប្រកបដោយចីរភាព៕

