ខេត្តសៀមរាប: ក្នុងឱកាសនៃទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បងប្អូនជនភៀសសឹកជិត ១០០គ្រួសារ ដែលកំពុងស្នាក់នៅវត្តប្រាសាទធ្នង់ វត្តចារឈូក និងវត្តគោល ស្រុកអង្គរជុំ ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីលោកជំទាវ ឆេង ស្រីនាង និង លោកជំទាវ កែវ ណារី និងក្រុមការងារ ជាសប្បុរសជនមកពីរាជធានីភ្នំពេញ ដើម្បីជាការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនភៀសសឹក។
ក្នុងឱកាសនោះ លោកជំទាវ ឆេង ស្រីនាង និង លោកជំទាវ កែវ ណារី បានជំរុញឱ្យបងប្អូនទាំងអស់ បន្តអត់ធ្មត់ និងស៊ូទ្រាំមួយរយៈពេលទៀត រង់ចាំរហូតដល់ស្ថានភាពមានប្រក្រតីភាពឡើងវិញ ពេលនោះបងប្អូនអាចត្រឡប់ទៅភូមិស្ថានរបស់ខ្លួនវិញបាន។ ជាពិសេស សូមបងប្អូនបន្តថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អជាប់ជាប្រចាំ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាយើង។
ក្នុងនារដ្ឋបាលស្រុក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវ ឆេង ស្រីនាង និង លោកជំទាវ កែវ ណារី និងក្រុមការងារ ដែលបានបន្តក្នុងការយកចិត្តទុកដាក់ និងគិតគូរជួយដល់បងប្អូនជនភៀសសឹក ដែលជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់ ដែលបង្ហាញពីស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ។ លោកក៏បានបញ្ជាក់ថា រដ្ឋបាលស្រុកក៏បន្តទទួលនូវអំណោយពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីផ្គត់ផ្គង់ទំនុកបម្រុងដល់បងប្អូនជនភៀសសឹកស្នាក់នៅក្នុងស្រុកអង្គរជុំ ទាំងមូល។
សូមជម្រាបថា អំណោយដែលបានប្រគល់ជូនបងប្អូនទាំង៩៤គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី១កេះ, ត្រីងៀត១គីឡូ, សារុង១, កន្សែង១, ទឹកសុទ្ធ១យួរ, ថ្នាំពេទ្យ៣មុខ និងថវិកា ១សែនរៀល៕

